គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ថ្លែងក្នុងសន្និសីទទិវាជាតិស្តីពីវិទ្យាសាស្រ្ត

កាលបរិច្ឆេទ: ០៩ មេសា ២០២៦ / កសិកម្ម / Author : ATH Sokren

ក្នុងឱកាសទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន-សហគ្រាសប៉េប៉េអឹម និង​ខនហ្វីរេល បានរម្លឹកឡើងវិញពីតួនាទីស្នូលនៃនវានុវត្តន៍ក្នុងការពង្រីកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

 

ថ្លែងទៅកាន់និស្សិត និងប្រធានស្ថាប័ននានា លោកបានមាន​ប្រសាសន៍ថា ក្រុមហ៊ុនខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹមថាជា «ម៉ាស៊ីនដ៏អស្ចារ្យ» សម្រាប់ធ្វើនវានុវត្តន៍ ដែលជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ​ និងអភិវឌ្ឍជាបន្តបន្ទាប់។ លោក​​ពន្យល់​យ៉ាងដូច្នេះ៖ «ជា​រៀងរាល់ឆ្នាំ យើង​ខិតខំ​បង្កើត​ផលិតផល​ថ្មីៗ ដើម្បី​ផ្សព្វផ្សាយ​ពី​ភាព​ច្នៃប្រឌិត​របស់​យើង និង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​​សាធារណជន​លើ​ផលិតផល​របស់​យើង»

                                                                               

បន្ទាប់ពីបង្កើតផលិតផល Tabastop ដែលជាថ្នាំសម្រាប់ជួយផ្តាច់បារី ផលិតឡើងនៅឆ្នាំ១៩៨៥ កាលលោកធ្វើការជាឱសថការីនៅប្រទេសបារាំង លោកឧកញ៉ាឱសថបណ្ឌិតបានបង្កើតផលិតផលច្នៃប្រឌិតជាច្រើនចាប់តាំងពីការបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមកាលពីសាមសិបឆ្នាំមុន និងបន្ទាប់មកក្រុមហ៊ុនខនហ្វីរេលកាលពីឆ្នាំ២០១១។ ការច្នៃប្រឌិតទាំងអស់នោះមានដូចជា ការលើកតម្លៃស្ករត្នោតដែលទទួលបានពានរង្វាន់ la Palme d’Or ឆ្នាំ២០២៥ នៅឯពិព័រណ៍ពាណិជ្ជកម្ម NatExpo នាទីក្រុងប៉ារីស ការបង្កើតផលិតផល Kirum Herbal Tea ដែលជាតែសុខភាពផលិតពីកញ្ចុំផ្កាម្រេច ទទួលបានកម្មសិទ្ធិបញ្ញា​ពីប្រទេសបារាំង ការបង្កើតផលិតផលខេមប្រូប៊ីយ៉ូទិក និងនៅឆ្នាំ២០២៣ ការកែច្នៃប្រហុកខ្មែរដែលជាបេតិកភណ្ឌជាតិមានកំណើតតាំងពីនៅសតវត្សរ៍ទី៧ មុនសម័យអង្គរទៅទៀតនោះឱ្យទៅជាប្រហុកម្សៅជាលើកដំបូងដែលទទួលបានវិញ្ញាបនបត្រដូចគ្នា។

សាមសិបឆ្នាំក្រោយមក សហគ្រាសផលិតឱសថប៉េប៉េអឹមបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជាង១៥ នៅលើពិភពលោក និងឈរជើងនៅលើទីផ្សារដែលមានអ្នកប្រើប្រាស់ជាង៤០០លាននាក់ ខណៈពេលដែលផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលបច្ចុប្បន្នមានវត្តមាននៅប្រទេសជប៉ុន បារាំង សហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េ និងនៅទីផ្សារជាច្រើនទៀត។

លោក​អះអាង​ថា៖ «តាមរយៈ​ការ​ស្រាវជ្រាវ និង​ផលិតផល​ថ្មីៗ​របស់​យើង ដែល​ជា​ផ្លែផ្កា​នៃ​ស្មារតី​​ច្នៃប្រឌិត​ឥត​ឈប់ឈរ យើងបានបង្ហាញថា ប្រទេស​កម្ពុជាពិតជា​មាន​សមត្ថភាព​ក្នុង​ការ​បង្ហាញ​រូបភាព​ទំនើប និងភាព​ច្នៃប្រឌិតរបស់ខ្លួន​នៅ​លើ​ទីផ្សារ​អន្តរជាតិ»។

លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ក៏បានសង្កត់ធ្ងន់ផងដែរថា​ រាល់ការច្នៃប្រឌិតទាំងអស់គឺមិនត្រឹមតែជាការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលសម្រេចនោះទេ តែវាជ្រាបចូលទៅក្នុងខ្សែសង្វាក់តម្លៃទាំងមូល ពោលគឺចាប់ពីអ្នកដាំរហូតដល់អ្នកផលិត អ្នកដឹកជញ្ជូន និងអ្នកចែកចាយ។ ក្នុង​ករណី​ប្រហុក​ម្សៅ ការច្នៃប្រឌិត​នេះ​បានចូល​រួមចំណែក​ដល់​ការអភិរក្ស​បរិស្ថាន​ទៀតផងៈ ព្រៃលិចទឹកដែលជា​តំបន់​ត្រជាក់​ដ៏សំខាន់​សម្រាប់ជម្រក​ត្រី អាចផ្តល់​ធនធាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បានលុះត្រាតែ​សហគមន៍​នេសាទ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងនេះ​យ៉ាងសកម្មផងដែរ។

លោកបានសម្តែងក្តីសង្ឃឹមថា ការអភិវឌ្ឍផលិតផលថ្មីៗនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនទាំងទីក្រុង និងជនបទ ចូលរួមពង្រឹងសេដ្ឋកិច្ចជាតិ និងផ្តល់ជូនពិភពលោកនូវរូបភាពថ្មីរបស់ប្រទេសកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់នៃទិវាជាតិលើកទី៤ នេះ (ថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៦) ឯកឧត្តមហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសប្រើប្រាស់បច្ចេកវិទ្យាទៀតទេ ប៉ុន្តែកំពុងក្លាយជាប្រទេសបង្កើតបច្ចេកវិទ្យា។ នវានុវត្តន៍ជាច្រើនដែលបង្កើតឡើងដោយយុវជនកម្ពុជាទទួលបានជោគជ័យរួចហើយក្នុងការបង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រី បានលើកទឹកចិត្តយុវជនដែលមានទេពកោសល្យ ឱ្យងាកទៅចាប់អារម្មណ៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីប្រើវាជាមូលដ្ឋានគ្រឹះនៃអាជីវកម្មនាពេលអនាគតរបស់ពួកគេ។ លោក​បាន​គូសបញ្ជាក់​ពី​អត្ថប្រយោជន៍​ជាក់ស្តែង​នៃ​នវានុវត្តន៍​សម្រាប់​វិស័យ​ឯកជន និង​សម្រាប់​ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​នវានុវត្តន៍​ដ៏​រឹងមាំ និង​មាន​ទំនាក់ទំនង​គ្នា​រវាង​ស្ថាប័ន​សាធារណៈ មជ្ឈមណ្ឌល​ស្រាវជ្រាវ វិស័យ​ឯកជន ក្រុមហ៊ុនដែលទើប​ចាប់ផ្តើម​អាជីវកម្ម អ្នកវិនិយោគ និង​អ្នក​ច្នៃប្រឌិតក្នុងមូលដ្ឋាន។

បើតាមប្រសាសន៍របស់លោក ប្រព័ន្ធអេកូឡូស៊ីនេះមានសារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាសង្គម និងដើម្បីបំពេញតម្រូវការទីផ្សារ៕